សម័យអាណានិគមនិយមបារាំង ជាដំណាក់កាលមួយដ៏គួរឱ្យកត់សម្គាល់ក្នុងប្រវត្តិអក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ។ អំណាចអាណាព្យាបាលបារាំង ដែលក្រោយមកបានប្រែក្លាយជាអំណាចអាណានិគមនិយម បាន រៀបចំ ប្រមែប្រមូលរាល់សេចក្តីត្រូវការរបស់គេពីដែនដីកម្ពុជា រៀបចំចាត់ចែងរាល់គោលនយោបាយលើវាសនា អនាគតកម្ពុជា ដោយគ្មានសួរយោបល់ឯកភាពពីសាមីម្ចាស់ស្រុកឡើយ។ អំណាចអាណានិគមនិយមបារាំង បានកែប្រែស្ទើររាល់របៀបរបប បែបបទការងារ ជាបន្តបន្ទាប់ ដោយព្យាយាមធ្វើទំនើបកម្មលើគ្រប់វិស័យ។ ចាប់ពីទសវត្សទី២ នៃសតវត្សទី២០ មក បារាំងបានលូកដៃចូលកែប្រែវិស័យសិក្សាធិការអប់រំ ចាប់ពីការសិក្សាបែបប្រពៃណី មកជាសាលាវត្តកែប្រែដោយបញ្ចូលគ្រូបង្រៀនជាគ្រហស្ថ បញ្ចូលក្បួនគរុកោសល្យទំនើប អនុញ្ញាតឱ្យសិស្សស្រីបានចូលរៀន ហើយប្រែក្លាយមកជាសាលាទំនើបពេញលេញ មានកម្មវិធីសិក្សាច្បាស់លាស់ ដោយមានភាសាបារាំងជាភាសាគោល។ ការសិក្សាកម្មវិធីសិក្សាថ្មី ការចេះដឹងភាសាបារាំង គួបផ្សំជាមួយទស្សនៈយល់ដឹងបែបបស្ចឹមប្រទេស ដែលជះឥទ្ធិពលតាមរយៈជីវភាពរស់នៅ ការប្រឡូកការងារជាមួយមន្ត្រីរដ្ឋការអាណានិគម និងការអាន ស្តាប់ប្រលោមលោកភាសាបារាំង បានធ្វើឱ្យមានការផ្លាស់ប្តូរវិធីសាស្រ្តតែងនិពន្ធប្រលោមលោកខ្មែរ ព្រមទាំងទស្សនៈនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រហូតដល់ការប្រឆាំងជំទាស់នឹងផ្នត់គំនិត ទំនៀមទម្លាប់ប្រពៃណីមួយចំនួន ដែលបានអនុវត្តជាបន្តបន្ទាប់មកតាំងពីសម័យបុរាណរហូតដល់ដើមសតវត្សទី២០នេះ។ ផ្នត់គំនិត ទំនៀមទម្លាប់ ប្រពៃណី មួយចំនួនដែលគេយល់ថា មានលក្ខណៈចាស់គំរិល មិនទាន់សម័យ មិនមានឥទ្ធិពលល្អ ជាវិជ្ជមានដល់បែបផែនជីវិត ដល់ការរស់នៅប្រចាំថ្ងៃរបស់មហាជន ត្រូវបានរិះគន់ជាបន្តបន្ទាប់តាមរយៈស្នាដៃអក្សរសិល្ប៍នាដើមសតវត្សទី២០។

១-លោកទស្សនៈពីរផ្ទុយគ្នាក្នុងសម័យកាលតែមួយលើការរៀបចំគូស្រករ

ការរៀបចំគូស្រករកូនចៅ គឺជារឿងសំខាន់ចំបាច់មួយដែលមាតាបិតា អាណាព្យបាលទូទៅតែងយក​ចិត្តទុកដាក់គិតគូរ រៀបចំជានិច្ច។ នៅសម័យបុរាណ ជានិច្ចកាល ការរៀបចំគូស្រករ សុទ្ធតែត្រូវបានធ្វើឡើង​ដោយឪពុកម្តាយ ឬអាណាព្យាបាល ដែលភាគច្រើន ច្រើនតែមិនសួរចិត្តកូនចៅ វៀរលែងតែក្នុងសាស្ត្រាល្បែង​មួយចំនួន ដែលបង្ហាញពីដំណើរជីវិតព្រះរាជបុត្រានៃក្សត្រនគរណាមួយ ទៅរៀនសិល្ប៍សាស្រ្តពីឥសី នៅឯ​ស្រុក​និគមឆ្ងាយ តែងតែពេញចិត្តនារី នៅតាមតំបន់ដែលខ្លួនឆ្លងកាត់ ហើយក៏ប្រលោមលួងលោមស្នេហាពីនារី​នោះដោយមិនសួរនាំយោបល់ពីចាស់ទុំ។ សភាពព្រឹត្តិការណ៍បែបនេះ មាននៅជាច្រើនរឿងក្នុងសាស្រ្តាល្បែង ហើយរឿងខ្លះ រាជបុត្រមួយអង្គ មានមហេសីចិត្តឯងដល់ទៅ បី បួន នាក់ក៏មាន។ ការរើសគូស្នេហ៍ចិត្តឯងនេះ មានតែចំពោះតួអង្គរាជបុត្រា ក្នុងសាស្រ្តាល្បែងតែប៉ុណ្ណោះ ក្រៅពីនេះ ចំពោះកូនចៅប្រជារាស្រ្តគឺពុំទាន់​ឃើញ​មានស្នាដៃអក្សរសិល្ប៍បែបប្រពៃណីណាលើកឡើងឡើយ។

នៅដើមសតវត្សទី២០ ក្រោយទទួលឥទ្ធិពលបស្ចឹមប្រទេស តាមរយៈរបបអាណានិគមនិយមបារាំង ផ្នត់គំនិតថ្មីនៃការរៀបចំគូស្រករ ក៏លេចចេញជារូបរាង និងសកម្មភាពឡើង ហើយលាតត្រដាងក្នុងស្នាដៃ​ប្រលោមលោកទំនើប ដែលទើបមានរូបរាងដែរ ដោយសារអ្នកនិពន្ធដែលទទួលបានការសិក្សាអប់រំទំនើប។

ផ្នត់គំនិតថ្មី សេរីភាពក្នុងការជ្រើសរើសគូស្រករ ដែលទើបដុះដាលឡើង បានប្រឈមគ្នាជាមួយផ្នត់ គំនិតចាស់បុរាណ «នំមិនធំជាងនាឡិ» បានលេចចេញជាហូរហែក្នុងសា្នដៃល្បីៗ ជាច្រើន មានជាអាទិ៍ ក្នុង​រឿងទុំទាវ ដែលនិពន្ធដោយព្រះភិក្ខុបទុមត្ថេរ សោម នាឆ្នាំ១៩១៥ បានបង្ហាញពីបដិបក្ខមតិទស្សនៈគ្នារវាង​តួអង្គនាងទាវ ដែលទាមទារនូវសិទ្ធិសេរីភាពផ្ទាល់ខ្លួនក្នុងការជ្រើសរើសយកបុរស ដែលខ្លួនស្រឡាញ់ មិន​អនុលោមតាមការសម្រេចរបស់ម្តាយ ប្រឈមជាមួយនឹងម្តាយនាង ដែលប្រកាន់យកទស្សនៈចាស់គំរិល «នំមិនធំជាងនាឡិ» ក្នុងការរៀបចំគូស្រករឱ្យកូនចៅ ចាត់ចែងវាសនាអនាគតនាង ឱ្យរៀបការជាមួយបុរស​ដទៃ ជាកូនមន្ត្រីធំ មានទ្រព្យសម្បត្តិច្រើន តែមិនជាទីពេញចិត្តរបស់នាងទាវ។

 

១-១ ទស្សនៈផ្ទុយគ្នាក្នុងស្នាដៃតែមួយ

១-១-១ ទស្សនៈផ្ទុយគ្នាក្នុងស្នាដៃអក្សរសិល្ប៍បែបប្រពៃណី

នៅក្នុងការស្វែងយល់ពីទស្សនៈផ្ទុយគ្នាក្នុងស្នាដៃអក្សរសិល្ប៍ប្រពៃណី នៅដើមសតវត្សទី២០ ការ​សិក្សា​អនុវត្តលើស្នាដៃលេចធ្លោមួយ ជាស្នាដៃគំរូក្នុងសម័យកាល ដែលគ្រប់មជ្ឈដ្ឋានអ្នកសិក្សាស្រាវជ្រាវ​ឱ្យ​តម្លៃមិនអាចគណនាបាន គឺរឿងទុំទាវ និងរឿងទាវឯក។ មូលហេតុដែលធ្វើឱ្យការសិក្សានេះផ្តោតការយក​ចិត្ត​ទុកដាក់ទៅលើស្នាដៃទាំងពីរចំណងជើងនេះ ដោយសារដំណើររឿងមានលំនាំប្រហាក់ប្រហែលគ្នាស្ទើរតែទាំង​ស្រុង ហើយស្នាដៃបានផ្តោតទៅលើបញ្ហា ព្រឹត្តិការណ៍តែមួយ ដោយគ្រាន់តែអ្នកនិពន្ធលើកយកមកចងក្រង​មុនក្រោយគ្នាប្រមាណជិតកន្លះសតវត្សតែប៉ុណ្ណោះ។

            ចំពោះស្នាដៃរឿងទាវឯកនេះ ក្នុងរយៈពេលកន្លងមក ពុំទាន់មានអ្នកសិក្សាណាធ្វើការសិក្សា​លម្អិតស៊ី​ជម្រៅ​នៅ​ឡើយ មានតែលោកបណ្ឌិតសភាចារ្យ ឃីង ហុកឌី ប៉ុណ្ណោះដែលបានយក​សាស្ត្រាទាវឯកនេះ​មកចង​ក្រង​ជាសៀវភៅ ដោយរក្សាទុកនូវពាក្យពេចន៍នាសម័យនោះទាំងស្រុង និងមានសរសេរជាភាសាខ្មែរទំនើបផង និងបកប្រែជាភាសាបារាំង ផង។

            សាស្ត្រាទាវឯក ចារចប់នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ចុល្លសករាជ១២៦៦ ឆ្នាំជូតទោស័ក(ច៌ាចប្ប់ នៅ​​ថ្ងៃសៅ ១៣កើត ខែអាសុច ចុលសក្ខ់រាជ១២៦៦ ឆ្នាំជូតទៅសក្ស់)។ បើគិតជាព.ស គឺត្រូវនឹងព.ស ២៤៤៨។ បើគិតជាគ.ស គឺត្រូវនឹង១៩០៥។

            រឿងទាវឯកត្រូវបានកវីខ្មែរ លាតត្រដាងតថភាពខ្មែរក្នុងសម័យលង្វែក ដែលមានបញ្ជាក់ព្រះនាម​ព្រះ រាជា ព្រះបាទ​រាមា។

នែះនិងដំណាលកាលដើមដាន                  មុនមានខ្សតខ្សានសោ្យរាជា

ស្ទេចទ្រង់ព្រះនាមព្រះរាមា                        គ្រព្ភ់គ្រងក័ម្ពុជាធិប្ទីយ។

 

ព្រះបាទរាមាក្នុងសាស្ត្រាទាវឯក ក្នុងរឿងទុំទាវ ជានរណា?

ការសិក្សាពីសង្គមប្រវត្តិនៃរឿង យើងឃើញថារឿងទាវឯក ស្ថិតនៅក្នុងរជ្ជកាលព្រះបាទរាមាជើង​ព្រៃ ដែលមានរាជធានីនៅស្រីសន្ធរ ក៏ប៉ុន្តែនៅក្នុងដំណើររឿង អ្នកនិពន្ធបែរជាប្រើរាជធានីនៅឧដុង្គ​ទៅវិញ​ដូចមាន ឃ្លាកាព្យបញ្ជាក់ដូច្នេះថា៖

ប្អូនើ្យមានព្រះបន់ទូលមក                         ឱ្យយកពេជ្ជឯកនិងអា័ញណា

ចូលទៅឧដុងថ្វា្យខ្សត្រារ                           ត្ងំបងឱ្យជាចម្រៀងថ្វា្យ។

ពេលបា្យបានដល់ឪដុង                            អាមា័ស្សយកថង់នោះឯងមិញ

ជូនទោវមើនឯកស្រាយថង់ចេញ                ឃើញស្លារបារ្យីពេញចិត្រអរ ។

ចំណែកនៅក្នុងឯកសារមហាបុរសខ្មែរវិញ ក៏មានតំណាលអំពីព្រឹត្តិការណ៍នាងទាវ និងម៉ឺនឯក ផងដែរ ប៉ុន្តែនៅក្នុងរជ្ជកាលព្រះបាទបរមិន្ទរាជា ទៅវិញ។ ហើយព្រះរាជាអង្គនេះ ត្រូវបានឯកសាររាជពង្សាវតានេះ​កត់​ត្រាទុកថាជាព្រះរាជាប្រកបដោយទសពិធរាជធម៌ មានវីរភាពក្លាហាន មានជោគជ័យក្នុងសង្គ្រាមផង ផ្ទុយ​ពី​ព្រះ​បាទរាមា ដែលជាស្តេចល្មោភស្រី ចាប់ដណ្តើមប្រពន្ធគេ មិនគិតគូរខ្វល់ខ្វាយពីរាជកិច្ចរបស់នគរ និង​សុខ​ទុក្ខ​ប្រជារាស្រ្ត។ ក្រៅពីនេះ ក៏នៅមានព្រះរាជាមួយអង្គទៀតដែលប្រព្រឹត្តអំពើអបាយមុខ ចាប់ពង្រត់​ប្រពន្ធគេផង​ដែរ គឺករណីព្រះពញាតន់ ដែលចាប់យកនាងទាវ ជាប្រពន្ធរបស់ពញាថី យកទៅវាំង នាងទាវ​មានស្វាមីភ័ក្តិ​ជាមួយប្តី អត់បាយ១០ថ្ងៃ ក៏ស្លាប់ទៅ។ ដំណឹងនេះដល់ពញាថីជាស្វាមី ខឹងខ្លាំងណាស់ក៏ចុះចូល​នឹងព្រះរាម​កែវព្រះភ្លើង ចូលលុកធ្វើគត់ព្រះពញាតន់ ចោលទៅ។

ចំពោះបញ្ហាស្នេហា នៅក្នុងរឿងទុំទាវ ក្តី ក្នុងរឿងទាវឯក ក្តី តួអង្គឯក នាងទាវ ជាបុគ្គលដែលប្រកាន់​យកទស្សនៈជំហរផ្ទាល់ខ្លួនក្នុងការជ្រើសរើសគូស្រករ ដោយសម្រេចចិត្តជ្រើសយកបុរស ជាទីពេញចិត្តរបស់​ខ្លួនមកធ្វើជាគូអនាគត ជាប្តី មិនអនុលោមទៅតាមការចាត់ចែងរបស់ម្តាយ។ ម្តាយនាងទាវ បានរៀបចំឱ្យ​នាងទាវ ទៅម៉ឺនងួន ជាកូនស្តេចត្រាញ់អរជូន ចៅហ្វាយស្រុកខេត្តត្បូងឃ្មុំ ជាស្តេចត្រាញ់ខ្នងពោះក្រៅ មាន​យសស័ក្តិធំខ្ពស់ ទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលមហាជនយល់ថា មានអនាគតល្អ មានមុខមាត់ខ្ពង់ខ្ពស់​ទៅថ្ងៃ​អនាគតសម្រាប់នាងទាវ។

ទស្សនៈរបស់មនុស្សចាស់ខ្មែរ ជាឪពុកម្តាយ ជាពិសេស ស្ត្រីជាម្តាយតែម្តង តែងយកចិត្តទុកដាក់ខ្ពស់​ទៅលើការរៀបចំទុកដាក់កូនចៅ ដោយចង់ឱ្យកូនទោះបីកូនប្រុសក្តី កូនស្រីក្តី មានអនាគតល្អ មានប្តី មាន​ប្រពន្ធ ជាកូនអ្នកមាន អ្នកធំ ជាអ្នកមានបណ្តាស័ក្តិខ្ពស់ អាចឱ្យកូនចៅខ្លួនរស់ស្រួលទៅថ្ងៃអនាគត មិនមាន​ជួបប្រទះការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាងនេះទៅទៀត ស្រ្តីជាម្តាយ ដែលមានកូនស្រីមាន​រូបសម្បត្តិស្រស់ស្អាត តែងតែចង់ឱ្យកូនស្រីរបស់ខ្លួនមានអនាគតល្អជាមួយបុរសណាដែលគាត់យល់ថា កូនស្រី​គាត់អាចផ្ញើវាសនា អនាគតជាមួយទៅថ្ងៃក្រោយបាន។ យាយជាម្តាយនាងទាវ ទាំងក្នុងរឿងទុំទាវ ទាំងក្នុងរឿង ទាវឯក គឺសុទ្ធតែមានគំនិតបែបនេះ (ទស្សនៈនំមិនធំជាងនាឡិ) ដូច្នេះហើយទើបគាត់ព្យាយាម​រៀបចំ​កូនស្រី​របស់គាត់ ឱ្យបានជួបជាមួយ បុរសជាអ្នកមានទ្រព្យ មានអំណាច ដែលគាត់ស្គាល់ និងអាចចាត់ចែង​អាពាហ៍​ពិពាហ៍ជាមួយកូនស្រីគាត់បាន គឺ ម៉ឺនងួន កូនប្រុសរបស់ឧកញ៉ាអរជូន។

ចំណែកឯនាងទាវ ជាកូនស្រីវិញពុំមានទស្សនៈផ្នត់គំនិតដូចម្តាយនាងទេ។ នាងជាស្រីវ័យក្មេងនៅក្នុង ម្លប់ ប៉ុន្តែមិនរម្ងាប់ចិត្តទៅក្នុងម្លប់ ប្រព្រឹត្តខ្លួនទៅតាមអារម្មណ៍ ដោយគ្មានការទប់ស្កាត់ខ្លួនឯង ក្នុងលក្ខណៈ «ឃើញភ្លាម ស្រឡាញ់ភ្លែត» ហើយ​អនុវត្តបែប «ទុំមុនស្រគៀល» ជាមួយ ទុំ ជាតួអង្គឯកប្រុស​តែម្តង។

នាងទាវឃើញឯកបើកធ្វារបាន                  ប្រះទោវលើរខ្នើយកើ្យសំរាណ

យកភួយដណ្ដប់គ្របអ្សប្រាន                     ធ្វេសធ្វេរវិញ្ញាណភ្លេចស្មារដី្យ។

អ្នកឯកផ្លេកផ្លីតចូលទៅទៀប                     ដាក់ដៃ្យទៅស្ទាបអង្អែលខ្នើយ

ស៍សើហដំណើរផ្អូនពីសី្យ                          នាងល្អរពេគ្យក្រៃរកផ្ទិមគ្មាន។

នាងទាវប្រែរប្រានធ្វើជាភ្ញាក                      ដិងស្មារដី្យជាក័ធ្វើជាអៀន

ក្រោកឡើងសញ្ជប់ជ្រុព្ភ់ស្រមៀន                ផ្ទព្វ់គៀនវ្ងាំននឯកឱបជាប័។

អ្នកឯកញ័ញិមថើបភគ័ត្រារ                       លោមថាហ្យៃផ្ទួលមាស័ចំណាប័

បើផ្អូនមិតមាសមិនរងរ៉ាព្វ័                          បងនិងត្រឡប់វិលទៅវិញ។

            ក្នុងរឿងទាវឯក ឯក និងនាងទាវ តែងតែទាក់ទងគ្នានៅពេលយប់ អស់រយៈកាលបីខែ ដោយ​យាយ​ម្តាយនាងទាវ ពុំបានដឹងឡើយ ពីព្រោះវេលាយប់ជា​ឱកាសល្អមួយ​ដែលគូស្នេហ៍​អាចទាក់ទងស្នេហាគ្នា និង​ងាយ​ស្រួលក្នុងការលាក់កំបាំងការពិតផងដែរ ហើយម្យ៉ាងវិញទៀត ផ្ទះរបស់អ្នកទាំងពីរនៅជិតគ្នាផង ទើប ឯក មានឱកាសអាចស្កាត់មកជួប ទាវ បានរាល់យប់។

            ទោះបីជានាងទាវ មានអារម្មណ៍ឆាប់ស្រើបស្រាលក្នុងរឿងស្នេហាក៏ពិតមែន ប៉ុន្តែនាងពុំមានចិត្ត​សាវ៉ា ភ្លើតភ្លើនក្នុងរឿងស្នេហា ទៅស្រឡាញ់ប្រុសពីមួយទៅមួយឡើយ។ នាងទាវ មានភក្តីភាព ស្មោះស្ម័គ្រចំពោះតែ ទុំ (ឯក) ប៉ុណ្ណោះ។

នៅក្នុងរឿងទុំទាវ និងរឿងទាវឯក បានបង្ហាញពីទស្សនៈពីរខុសគ្នា រវាងមនុស្សចាស់ (ឪពុកម្តាយ) និង​អ្នកជំនាន់ក្រោយជាកូន ចំពោះបញ្ហាសេ្នហា ពោលគឺឪពុកម្តាយ (យាយម្តាយទាវ ឧកញ៉ាអរជូនជា​ឪពុក​ម៉ឺនងួន) តែងតែប្រកាន់នូវទស្សនៈ​នំមិនធំជាង​នាឡិ ក្នុងការរៀបចំចាត់ចែងវាសនាអនាគតកូនចៅ ដោយ​កូនចៅត្រូវតែគោរព ស្តាប់បង្គាប់តាមការរៀបចំរបស់ឪពុកម្តាយ មិនត្រូវប្រឆាំងជំទាស់រឹងទទឹងដោយប្រការ​ណាមួយ​អ្វីឡើយ។ ផ្ទុយទៅវិញ អ្នកជំនាន់ក្រោយ ជាកូនចៅ បែរជាមានគំនិតផ្ទុយស្រឡះពីចាស់ទុំជា​ឪពុក​ម្តាយដោយការព្យាយាមដណ្តើមសិទ្ធិជ្រើសរើសគូអនាគតដោយខ្លួនឯង មិនចំណុះឱ្យគំនិតឪពុកម្តាយ ដែល​តែងតែគិតថា ខ្លួនស៊ីអំបិលច្រើនជាងកូនស៊ីបាយ ស្គាល់ពន្លឺព្រះអាទិត្យមុនកូន ជាអ្នកផ្តល់កំណើតឱ្យកូន ស្គាល់សង្គមច្បាស់ជាងកូន មានបទពិសោធន៍ច្រើនជាងកូន អាចនាំកូនទៅរកអនាគតបានល្អជាងកូន ជ្រើស​រើសដោយខ្លួនឯង។

 

១-១-២ ទស្សនៈផ្ទុយគ្នាក្នុងស្នាដៃប្រលោមលោកទំនើប

ប្រលោមលោកទំនើបនាដើមសតវត្សទី២០ ដែលត្រូវបានលើកយកមកធ្វើការសិក្សាស្វែងយល់អំពី​ទស្សនៈផ្ទុយគ្នាក្នុងការរើសគូស្រករនាពេលនេះ គឺរឿងផ្កាស្រពោន របស់អ្នកនិពន្ធ នូ ហាច ដែលត្រូវបាន​និពន្ធ​ឡើងនាឆ្នាំ១៩៤០។

រឿងផ្កាស្រពោន និពន្ធឡើងនាចុងសម័យអាណាព្យាបាលបារាំងក្នុងឆ្នាំ១៩៤០។ ដំណើររឿង​បរិយាយ​ ពីជីវិតស្នេហាដ៏កម្សត់មួយគូដែលរងគ្រោះ និរាសព្រាត់ប្រាស់ដោយការប្រកាន់ខ្ជាប់ទស្សនៈចាស់គំរិល​របស់មាតាបិតា អាណាព្យាបាលក្នុងការរៀបចំវាសនាអនាគតឱ្យកូនចៅ ក្នុងសម័យអាណាព្យាបាលបារាំង។ ការវិវឌ្ឍន៍ខាង​ផ្នត់​គំនិត​របស់យុវជនដែលបានទទួលការសិក្សាពីសាលាទំនើបតាមទស្សនៈជឿនលឿន ប៉ុន្ដែ​ស្ថិត​ក្រោមគំនាបទំនៀម ទម្លាប់ចាស់គំរិលរបស់មាតាបិតាអាណាព្យាបាលមួយចំនួន ធ្វើឱ្យយុវជនភាគខ្លះ​រងគ្រោះ​ដោយ​គ្មានវិធី​ដោះស្រាយ។

រឿងផ្កាស្រពោន បានតែងនិពន្ធឡើងដើម្បីបង្ហាញពីស្ថានភាពរបស់នារីខ្មែរដែលឋិតនៅចន្លោះផ្នត់​គំនិត​​ចាស់និងទស្សនៈថ្មីនៃលោកទំនើបក្នុងការរើសគូស្រករតាមរយៈតួអង្គនាងវិធាវី។ ផលវិបាកដែល​បណ្ដាល​​​មកពី​ការប្រឈមមុខគ្នារវាងទស្សនៈនំមិនធំជាងនាឡិ (ការចាត់ចែងអនាគតកូនដោយមិនសួរចិត្ដ​កូន​ជាមុន ដោយ​សម្លឹងមើលឃើញតែទ្រព្យសម្បត្ដិហើយយល់ថា ទ្រព្យសម្បត្ដិជាប្រភពតែមួយគត់នៃ​សុភមង្គល របស់យាយ​នួន​ម្ដាយនាងវិធាវី) និងផ្នត់គំនិតថ្មីក្នុងការរើសគូស្រករដែលបង្កប់ក្នុងតួអង្គនាងវិធាវី ព្រមជាមួយគុណសម្បត្ដិ​ជា​ស្រី​គ្រប់លក្ខណ៍ (នារីដែលមានលំអទាំងព្រមពីធម្មជាតិ ជាកូនកតញ្ញូ លុះដោយ​គន្លងដំបូន្មានឪពុកម្ដាយ មានចំណេះវិជ្ជា មានភក្ដីភាពចំពោះស្នេហាយ៉ាងស្មោះស្ម័គ្រ) ដែលអ្នកនិពន្ធផ្ដល់ឱ្យ​នាង បានធ្វើឱ្យបុប្ផាក្រពុំ​ដ៏​ស្រស់ស្អាតមួយទង ដែលជាទីប្រាថ្នានៃភូមរាទាំងពួងក្លាយ ទៅជាផ្កាស្រពោន​ទៅវិញ។ ក្នុងរឿងផ្កាស្រពោន អ្នក​និពន្ធបានឆ្លុះបញ្ចាំងពីឥទ្ធិពលនៃទំនៀមទម្លាប់និងប្រពៃណីដ៏ចាស់គំរិល (យូរលង់) ដែលមានទំនាក់​ទំនង​ជាមួយគ្រួសារ (Bondage) ជាពិសេសទៅលើស្ដ្រីខ្មែរ។ តួឯកស្ដ្រីក្នុងរឿង ជាជនរងគ្រោះដោយការនិយមឱ្យ​តម្លៃនៅ​ក្នុង​សម័យបុរាណដែលមានម្ដាយនាងជាតំណាង។ ក្នុងពេលវិវត្ដ​ដ៏ធំ​មួយនៃកម្ពុជា នាងវិធាវី ជាតួអង្គ​តំណាងអាកប្បកិរិយា និងសីលធម៌នៃប្រពៃណីរបស់ស្រីក្រមុំ ប៉ុន្ដែការ​ត្រិះរិះ​ពិចារណារបស់ស្ដ្រី​សម័យថ្មី​បានរីក​រាលដាល ដោយការផ្លាស់ប្ដូររបស់សង្គម។ ទោះបីយ៉ាងណាក៏ដោយ នាងជាតួអង្គដែលស្ថិតនៅចន្លោះពិភព​លោក ពីរ គឺបុរាណ និង សម័យ ។

ក្នុងរឿងផ្កាស្រពោន បញ្ហាជាច្រើនកើតឡើងជុំវិញរឿងស្នេហា។ ស្នេហានេះផ្ដើមឡើងដោយសារការ​ផ្សំផ្គុំរវាងចាស់ៗតាំងពីសាមីខ្លួននៅកុមារវ័យ។ ស្នេហានេះ បានដុះដាលឡើងដោយចិត្ដនិងចិត្ដ ឯស្នេហាចិត្ដ និងចិត្ដនេះវិញជាស្នេហាមួយដែលឋិតនៅលើឧត្ដមគតិនឹងនរ។ ស្នេហាចិត្ដនិងចិត្ដឥតត្រូវការពឹងផ្អែកលើប្រាក់​កាស់ លើប័ក្សពួក។ ទំនៀមទំលាប់ខ្មែរបង្គាប់ឱ្យគូស្នេហ៍ គោរពកោតខ្លាចប្រពៃណី។ គេមិនមិនត្រូវធ្វើខុស ឬ​រំលោភលើប្រពៃណីឡើយ។ ស្នេហានេះ ជាស្នេហាបែបប្រពៃណី ការជួបគ្នារបស់អ្នក​ទាំងពីរតែងប្រព្រឹត្តទៅ​តាម​គន្លងចរិយាសាស្ដ្រខ្មែរ ដោយខ្លាចក្រែងមានពាក្យនិន្ទាពីអ្នកដទៃជានិច្ច “...អញ្ជើញបងទៅដោយក្សេម​ក្សាន្ដ​​ចុះ។ ខ្ញុំមិនហ៊ាននៅនិយាយតែពីរនាក់នឹង បងយូរពេកទេ, ខ្លាចមានពាក្យនិន្ទាទៅថ្ងៃក្រោយ ”។

ស្នេហានេះជាស្នេហាស្ថិតក្រោមគំនាបឥទ្ធិពលនៃទ្រព្យសម្បត្ដិ។ ទុក្ខព្រួយនៃសេចក្ដីស្នេហាបានប្រាកដ​​ឡើងជាដំបូង នាពេលដែល ប៊ុន ធឿន ធ្វើដំណើរត្រឡប់ទៅភូមិកំណើតពេលវ៉ាកងក្រោយពីបានទទួលសំបុត្រ​ពីនាងសោភ័ណជាប្អូន “ ឱ គំនិតដែលតែងធ្វើឱ្យស្រមៃឃើញខ្លួនទៅរៀនឯប្រទេសក្រៅ ឱ្យបានជ្រៅជ្រះ! ឱ្យ​ពាក្យដែលសច្ចាថា ប្រុងនឹងចិញ្ចឹមគូសង្សារឱ្យបានសុខសំរាន្ដ ឪពុកម្ដាយអើយខ្ញុំសែនលំបាក !...”។ ឯនាងវិធាវី វិញក៏មិនចាញ់ ប៊ុនធឿន ដែរ នាងត្រូវទទួលរងទុក្ខព្រួយបារម្ភចំពោះស្នេហារបស់ខ្លួន ក្រោមសម្ពាធឥទ្ធិពល ទ្រព្យសម្បត្ដិដែលបានចូលទៅពង្វក់ម្ដាយជាទីគោរពស្រឡាញ់របស់នាង ៖

ឱគូសង្សារថ្លើមប្រម៉ាត់                 កម្មអ្វីមកកាត់ឱ្យព្រាត់ខ្ចាយ

ពីថ្ងៃនេះទៅបែកចេញឆ្ងាយ           ឱស្ដាយសែនស្ដាយ ស្ដាយខ្លួនក្មេង។

ម៉ែអើយមានសីលនៅពេញខ្លួន      ម្ដេចឱ្យកូនស្ងួនសោកសង្រេង

ម្តេចហ៊ានផ្ដាច់កូនពីគូព្រេង           វង្វេងនេះព្រោះតែក្ដីលោភ។

ស្នេហានេះ ក៏ស្ថិតក្រោមគំនាបឥទ្ធិពលសាសនាផងដែរ។ អបិយជំនឿក៏បានចូលរួមចំណែកយ៉ាង សកម្មក្នុងការបំបែកបំបាក់គូស្នេហ៍នេះដែរ។ ឥទ្ធិពលនៃពាក្យទំនាយរបស់ព្រះសង្ឃវត្ដពោធិ៍ បានបណ្ដាលឱ្យ មានផលវិបាកយ៉ាងអាក្រក់ ដោយធ្វើឱ្យយាយនួនជឿជាក់យ៉ាងងងឹតងងុលថា កូនគាត់នឹងបានសោយសុខ ប្រកបដោយសុភមង្គលលើគំនរទ្រព្យសម្បត្ដិ ដោយពុំបានពិចារណាឃើញពីទុក្ខប៉ុនភ្នំដែលនាងកំពុងទូល “ឱ ព្រះភិក្ខុអើយ ! ទំនាយក្បួនតម្រានឹងពាក្យអត្ថាធិប្បាយតាមគម្ពីររបស់លោក ដែលជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនា ​នៃព្រះបរមគ្រូនោះ បែរជានាំជនទាំងពីរដែលមានសេចក្ដីស្នេហាទៅមកយ៉ាងធំបំផុតឱ្យខានជួបមុខគ្នាទៅវិញ ហាក់ដូចជាលោកជួយច្រានគូសង្សារនេះទម្លាក់ទៅរណ្ដៅទុក្ខសង្រេង ”។

ទ្រព្យសម្បត្ដិ ជាកត្ដាកំណត់ចិត្ដគំនិត អាកប្បកិរិយាមនុស្សមួយយ៉ាងប្រត្យក្ស។ ពេលដែលចឹកប៊ុនថន ខាតជំនួញស្រូវដោយត្រូវទឹកលិចកណ្ដាលទន្លេ គំនិតសម្ភារនិយម បានប្រត្យក្សឡើងក្នុងខួរក្បាលយាយនួន។ គំនិតនេះបានជំរុញឱ្យគាត់សម្រេចចិត្ដផ្ដាច់កូនផ្ដាច់ចៅ ដែលស្វាមីគាត់កាលនៅរស់ផ្ដែផ្ដាំទុកដាក់នាងវិធាវី និង​ប៊ុនធឿន ជាគូនឹងគ្នា “ចាន់អើយ ខ្ញុំក៏គិតនឹងផ្ដាច់ដែរតែមកតុះតុញមិនដឹងនឹងធ្វើដូចម្ដេច។ នឹងធ្វើ​សំបុត្រ​ទៅ​ប្រាប់ចឹកប៊ុនថនភ្លាមទៅ ដូចជាឯងចិត្ដអាក្រក់ពេក។ ឮតែគេខាតស្រូវភ្លាម ក៏ថាផ្ដាច់កូន ផ្ដាច់ចៅភ្លាម ” ។

ទ្រព្យសម្បត្ដិនេះ ជាបញ្ហាមួយដែលវិលជុំវិញសេចក្ដីស្នេហា ធ្វើឱ្យមានដំណើរវិវឌ្ឍផ្លាស់ប្ដូរ ចិត្ដគំនិត​តួ​អង្គ​នីមួយៗ ជះឥទ្ធិពលយ៉ាងខ្លាំងដល់សេចក្ដីស្នេហានេះ។  “តាមរយៈសំបុត្រ ប៊ុនធឿន ផ្ញើដល់នាងវិធាវី គេ​ព្រម​លះបង់នាងព្រោះយល់ថា ខ្លួនគេក្រមិនអាចផ្ដល់សុភមង្គលដល់នាងបាន “...បងធ្លាក់ក្រ ហើយ។ លុះបង​ចេញធ្វើការទៅ ក៏មិនសង្ឃឹមបានប្រាក់ខែប៉ុន្មាន។ ហេតុនេះនាងកុំមានប្រទូសរាយ ទទឹងចិត្ដម្ដាយនាងដូច្នេះ​ឱ្យ​សោះ...ណៃស៊តដល់គេចាស់, ចាស់ជើងទៅ មុខជាបានជាពាណិជ្ជមួយយ៉ាងធំនៅប្រទេសកម្ពុជា។ ចំណេះគេ​ក៏​មាន សម្បត្ដិគេក៏មាន ដែលជាលក្ខណៈមួយអាចនាំឱ្យអូនបានសុខសំរាន្ដទៅថ្ងៃក្រោយ។...” តាំងពីនោះមក​គេ​បំភ្លេចនាងសូន្យឈឹងរហូតមិនដឹងថានាងស្លាប់ផង ” ។

តាមរយៈ ប៊ុន ធឿន ជាយុវជនមួយរូបនោះ លោក នូ ហាច យល់ថាទ្រព្យសម្បត្ដិ​មានឥទ្ធិពល​ខ្លាំង​លើ​ផ្នត់គំនិត ការគិតពិចារណារបស់មនុស្ស ហើយជាអាទិ៍យុវវ័យតែម្ដង។ ចំពោះយុវជនដែលកំពុងតែ​សិក្សា បញ្ហា​ទ្រព្យសម្បត្ដិអាចជះឥទ្ធិពលខ្លាំងដល់ការសិក្សារបស់គេ អាចធ្វើឱ្យគេសម្រេចចិត្ដលះបង់ការសិក្សាចោលដោយ សារភាពទ័លក្រ។ ម្យ៉ាងវិញទៀត វាក៏មានឥទ្ធិពលខ្លាំងក្នុងរឿងស្នេហាផងដែរ។ បញ្ហាខ្វះខាត ការជួបឧបសគ្គ​ក្នុង​រឿងលុយកាក់អាចធ្វើឱ្យយុវជនលះបង់ស្នេហាដែលខ្លួនខំថែរក្សាទុកមកជាយូរបាន។

នៅក្នុងសង្គមខ្មែរ កត្ដាមួយទៀតដែលមាននាទីសំខាន់ក្នុងការកំណត់វាសនារបស់ស្នេហានោះ គឺការ​បំបិទ​សិទ្ធិកូនចៅក្នុងការរើសគូស្រករ។ ការបំបិទសិទ្ធិនេះសំដៅទៅលើការរៀបចំចាត់ចែងរបស់មាតាបិតា អាណា​ ព្យាបាល ដោយគ្មានសួរនាំយោបល់ពីកូនចៅជាសាមីខ្លួន មិនផ្ដល់សិទ្ធិស្វ័យសម្រេចដល់កូនចៅក្នុងការ​រៀបចំ​វាសនាអនាគតផ្ទាល់ខ្លួន។ បញ្ហានេះស្ដែងឡើងតាមរយៈសកម្មភាពរបស់យាយនួន ម្ដាយនាងវិធាវី ក្នុង​ការ​សម្រេចចិត្ដលើកនាងឱ្យទៅនាយណៃស៊ត។ យាយនួនមិនបានផ្ដល់ឱកាសឱ្យនាងវិធាវី ក្នុងការដឹងឮ​ព័ត៌មាន​ពេលដែលយាយចាន់ នាងថូ ជាម្ដាយនាយណៃស៊ត មកសួរនាំសួរនាំស្ដីដណ្ដឹងនាង។ លុះបាន​សម្រេចហើយ ទើបគាត់ប្រាប់ឱ្យនាងដឹង និងត្រៀមខ្លួនចាំដល់ថ្ងៃរៀបការតែម្ដង “ឯនិន្នាការទីពីរ គឺការរំលោភ​សិទ្ធិកូនក្នុងការ​កសាងគ្រួសារ ក៏ត្រូវបានលាតត្រដាងតាមរយៈយាយនួននេះដែរ។ តាមការបង្ហាញ​របស់​អ្នក​និពន្ធ យើងឃើញ​ថា យាយនួនមិនត្រឹមតែមិនសួរយោបល់កូនប៉ុណ្ណោះទេ តែថែមទាំងលាក់មិនឱ្យដឹង​ពីដំណើរ​ការរៀបចំគ្រួសារ​ជាមួយគូស្រករថ្មីនោះ ” ។

ប្រជាជាតិនីមួយៗតែងមានការប្រតិបត្ដិសាសនាផ្សេងៗពីគ្នា ទៅតាមប្រពៃណីទំនៀមទម្លាប់ពីបុរាណ​កាល​រៀង​មក។ ជំនឿសាសនានេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នត់គំនិត សតិអារម្មណ៍ និងជីវភាពសង្គម។ ក្នុងការរៀបចំគូស្រករទុកដាក់កូនចៅ ខ្មែរមានជំនឿយ៉ាងមុតមាំទៅលើការទស្សន៍ទាយព្យាករណ៍ពីសំណាក់ព្រះ​សង្ឃដែលជាតួអង្គសាវ័កតំណាងឱ្យព្រះពុទ្ធបរមគ្រូ ពីសំណាក់គ្រូហោរដែលចេះក្បួនតម្រាផ្សេងៗ ឬពីសំណាក់​រូបបព្ជាន់អារក្ខ អ្នកតា បង់បត់អរូបផ្សេងៗ។ នៅក្នុងរឿងផ្កាស្រពោន ឥទ្ធិពលព្រះពុទ្ធសាសនា និងជំនឿផ្សេងៗ បានបង្ហាញខ្លួនយ៉ាងច្បាស់ក្នុងដំណើរការរៀបចំវាសនាអនាគតមនុស្សខ្មែរ ប៉ុន្ដែជំនឿនេះគ្រាន់តែ​ជា​មធ្យោបាយ​មួយដែលរុញច្រានអ្នកដែលស្ថិតក្រោមឥទ្ធិពល ខ្លួនធ្លាក់ចុះទៅក្នុងជ្រោះជ្រៅ មិនអាចងើប​ឡើង​មក​មើល​ផ្ទៃ​មេឃ​ពណ៌ខៀវប្រកបដោយសុទិដ្ឋិនិយមនេះ ហើយរឹតតែមិនអាចបង្កើតគ្រួសារមួយប្រកបទៅដោយសុភមង្គល​បានឡើយ។

បញ្ហាមួយទៀតដែលមានរូបរាងឡើងក្រោយពេលស្នេហាជួបឧបសគ្គ គឺការរក្សាកិត្ដិយស។ កិត្ដិយសនេះ ជាវត្ថុម្យ៉ាងដែលមនុស្សគ្រប់រូបត្រូវស្វែងរក និងរក្សាទុកមិនឱ្យបាត់បង់។ នៅពេលជួបប្រទះឧបសគ្គក្នុងរឿងស្នេហា បញ្ហាចំពោះមុខដែល ប៊ុនធឿន ត្រូវរក្សាមិនឱ្យបាត់បង់នោះគឺ កិត្ដិយស។

ដំណើររឿងផ្កាស្រពោន ប្រព្រឹត្ដទៅតាមលក្ខខណ្ឌសង្គមសត្យានុម័តិ ដោយអ្នកនិពន្ធមិនបង្កើត​ស្ថាន​ការណ៍ផ្សេងផ្ទាល់ខ្លួន ឬប្រើអន្ដរាគមពីអច្ឆរិយភាពណាមួយដើម្បីស្រាយបញ្ហាដែលកាន់តែតានតឹងបន្ដិច​ម្ដងៗ​នោះទេ។ បញ្ហាដែលកើតឡើងក្នុងដំណើររឿង បង្ហាញពីសកម្មភាពជីវភាពសង្គមប្រចាំថ្ងៃក្នុងសម័យកាលរឿង ហើយវិវត្ដទៅតាមផ្នត់គំនិតមនុស្សក្នុងសង្គមដែលគេកំពុងតែរស់នៅ។ ក្នុងខណៈដែលតួអង្គ ប៊ុនធឿន កំពុងតែ ជួបប្រទះបញ្ហាស្មុគ្រស្មាញដោយសារតែរឿងទ្រព្យសម្បត្ដិនោះ បញ្ហាស្នេហាក៏ចោទឡើង​ជាមួយ​គ្នា​ដែរ ដែល បញ្ជាក់ឱ្យយើងឃើញពីតថភាពសង្គម នាសម័យអាណាព្យាបាលបារាំង។  ចំពោះមុខបញ្ហាស្នេហា ប៊ុនធឿន ជា មនុស្សប្រុសធម្មតាម្នាក់ពេលដែលដឹងថាខ្លួនគ្មានសមត្ថភាពថែរក្សា ផ្ដល់សេចក្ដីសុខឱ្យអ្នក​ជាទី​ស្រឡាញ់បាន ក៏សម្រេចចិត្ដចាកចេញពីនាង ទុកផ្លូវឱ្យនាងកសាងស្នេហាថ្មីជាមួយបុរសម្នាក់ផ្សេង ដែល​ជាទី​ពេញ​​ចិត្ដរបស់ ចាស់ទុំ ហើយឈប់រវីរវល់ជាមួយនាង។

ទំនៀមទម្លាប់ “នំមិនធំជាងនាឡិ” ដែលបន្សល់ទុកពីសម័យមុននៅតែប្រាកដខ្លួនយ៉ាងប្រត្យក្សក្នុង​ការ​​ជំរុញដំណើរការជីវភាពប្រចាំថ្ងៃ។ យាយនួនជាម្ដាយមួយរូបនាសម័យនោះ គាត់ជាមនុស្សសម្ភារៈនិយម គិតគូរ​តែ​ពីផលប្រយោជន៍ សេចក្ដីសុខផ្ទាល់ខ្លួន និងក្រុមគ្រួសារ មិនបាននឹកនាដល់ខ្លឹមនៃពាក្យសម្ដីរបស់ប្ដីគាត់​ដែល​ចែកឋានទៅហើយនោះទេ។ ពោលគឺគាត់ឱ្យតម្លៃថា កិត្ដិយស សេចក្ដីថ្លៃថ្នូរ គឺកើតឡើងដោយសារ​គំនរ​ទ្រព្យ​សម្បត្ដិ មាសប្រាក់ មិនមែនដោយការប្រព្រឹត្ដល្អក្នុងការរស់នៅក្នុងសង្គម ការប្រកាន់ឥរិយាបថល្អ គោរពពាក្យ​សម្ដីនោះទេ។

តាមរយៈរឿងផ្កាស្រពោន អ្នកនិពន្ធ នូ ហាច បានផ្ដល់បទពិសោធន៍ជាច្រើនពីបញ្ហាស្នេហា តាមរយៈ​តួអង្គទាំងពីរ ប៊ុន ធឿន និងនាងវិធាវី ដោយបង្ហាញពីស្ថានភាពផ្សេងៗជាច្រើនជុំវិញរឿងស្នេហាដែលអ្នកនិពន្ធ​ពុំបានរកមធ្យោបាយផ្សេងណាមួយ ដើម្បីជួយឱ្យស្នេហានេះបានសម្រេចតាមបំណងនោះទេ។ រឿងនេះ ស្ដែង​ឱ្យឃើញពីទំហំទឹកចិត្ដស្នេហារបស់តួអង្គពីររូប ដែលមានសម្ព័ន្ធភាពផ្លូវចិត្ដជាមួយគ្នាយ៉ាងស្អិតរមួត តែមាន​ទស្សនៈ ចិត្ដគំនិតទីទៃពីគ្នាលើការកសាងគ្រួសារមួយឱ្យរុងរឿងថ្កុំថ្កើង និងប្រកបដោយសុភមង្គល។

២-លក្ខណៈនានានៃស្នេហា (សេចក្តីស្រឡាញ់)

២-១ យុវជន និងស្នេហា

យុវជនក្នុងរឿងផ្ក្ថាស្រពោន ជាយុវជនដែលពាក់ព័ន្ធជាមួយរឿងស្នេហា។ អ្នកនិពន្ធ នូ ហាច និម្មិតយុវជន ​​ទាំងអស់នេះឡើង ដើម្បីបង្ហាញពីប្រភេទផ្សេងៗ នៃយុវជនដែលស្ថិតក្នុងវ័យកំពុងមានស្នេហា។ នាងវិធាវី ជា​យុវនារីមួយរូបដែលមានរូបសម្បត្ដិ ចរិយាសម្បត្ដិ វិជ្ជាសម្បត្ដិ ជាកូនកត្ដញ្ញូ ហើយមានទឹកចិត្ដ​ភក្ដីចំពោះស្នេហា។ ទឹកចិត្ដភក្ដីនេះស្ដែងឡើងតាមរយៈមរណភាពរបស់នាង។ ប៉ុន្ដែមរណភាពរបស់នាងកើតឡើងពីភាពមិន​ចុះ​សម្រុង​ក្នុងគំនិតដែលច្របូកច្របល់ មិនដាច់ស្រេចរវាងភក្ដីភាពចំពោះស្នេហា និងភាពកត្ដញ្ញូចំពោះម្ដាយ។ ផ្អែកលើមូលហេតុនេះ គេអាចយល់បានថា នាងវិធាវី ជានារីដែលគ្មានឆន្ទៈដាច់ខាតចំពោះស្នេហា ដោយ​សារ​នាងមិនហ៊ានសូម្បីតែធ្វើការតវ៉ាមតិ ឬផ្តល់យោបល់បង្ហាញហេតុផល ចំពោះការសម្រេចរបស់ម្ដាយនាង។ នាង​មិនអាចបែងចែកទម្ងន់រវាងស្នេហា និងភាពកត្ដញ្ញូឱ្យដាច់ស្រឡះពីគ្នាបាន។ ថ្វីត្បិតតែនាងមានចរិតអសកម្ម​ខ្លះ​ចំពោះស្នេហាក៏ពិតមែន ក៏ប៉ុន្ដែចរិតអសកម្មនេះជាគុណសម្បត្ដិរបស់នាងក្នុងនាមជាស្ដ្រីខ្មែរមួយរូបទៅវិញ។

ចំពោះយុវជន ប៊ុនធឿន ស្នេហារបស់គេគឺស្ថិតក្នុងចន្លោះគំនាបរវាងបញ្ហាទ្រព្យសម្បត្ដិ និងការសិក្សា។ ប៊ុនធឿន ជាយុវសិស្សកំពុងស្ថិតក្នុងឆ្នាំប្រឡងឌីប្លូម ដែលត្រូវខិតខំយកចិត្ដទុកដាក់រៀនសូត្រឱ្យខ្លាំងពូកែដើម្បី​ប្រឡងជាប់សញ្ញាបត្រ។ នៅពេលប្រឈមមុខជាមួយវិបត្ដិសេដ្ឋកិច្ច ផ្ទួនគ្នានឹងវិបត្ដិស្នេហា ប៊ុនធឿន ត្រូវ​ធ្វើ​ការ​សម្រេចចិត្ដមួយដើម្បីដោះស្រាយបញ្ហាចំពោះមុខ។ ចំពោះវិបត្ដិស្នេហា គេឃើញថា ប៊ុនធឿន ហាក់ធ្វើកិរិយា​បែបហីៗ មិនសូវអើពើនឹងរវីរវល់ ហើយបែរជាសសេរសំបុត្រមួយសន្លឹកឱ្យនាងវិធាវី ឱ្យនាងប្ដូរចិត្ដពីរូបគេទៅ​ស្រឡាញ់ ណៃស៊ត វិញ។ ម្យ៉ាងវិញទៀត ក្រោយពេលដឹងថានាងវិធាវី ជិតដល់ថ្ងៃចូលរោងការ ប៊ុនធឿន មិន​ព្រមធ្វើសកម្មភាពជំទាស់ណាមួយដើម្បីអូសទាញទឹកចិត្ដយាយនួន ជាម្ដាយនាងវិធាវី ឱ្យគាត់ផ្លាស់ចិត្ដជាថ្មី​វិញ គេបែរជាទៅដើរព្រៃរនាម រកត្រី រកឃ្មុំធ្វើព្រងើយដើម្បីកាត់ចិត្ដ កាត់ថ្លើមពីស្នេហា។ កិរិយារបស់ ប៊ុនធឿន នេះ ធ្វើឱ្យមជ្ឈដ្ឋានខ្លះយល់ និងអាចចោទប្រកាន់ថា ប៊ុនធឿន គ្មានចិត្ដស្រឡាញ់ស្មោះត្រង់ពិតប្រាកដចំពោះ​នាង​វិធាវីទេ។ ការដែលគេស្រឡាញ់នាងវិធាវី នោះគឺគ្រាន់តែធ្វើទៅតាមសភាពធម្មតារបស់មនុស្សដែលជួបគ្នាក៏ ស្រឡាញ់គ្នាទៅ ពេលជួបប្រទះឧបសគ្គក៏រារែក ហើយលែងរវីរវល់ទៅ។

អំពីទឹកចិត្ដស្នេហារបស់នាងវិធាវី ចំពោះ ប៊ុន ធឿន

អ្នកនិពន្ធ នូ ហាច និម្មិតនាងវិធាវី ឡើងជានារីខ្មែរមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដែលគេតែង ហៅថា​ជាស្ដ្រីគ្រប់លក្ខណ៍។ នាងមានទាំងរូបសម្បត្ដិ ទ្រព្យសម្បត្ដិ វិជ្ជាសម្បត្ដិ ចរិយាសម្បត្ដិ កតញ្ញូ ស្ដាប់បង្គាប់​អ្នក​មាន​គុណ មានភក្ដីភាពចំពោះស្នេហា។ លក្ខណៈសម្បត្ដិរបស់នាង គួរតែជាប្រភពផ្ដល់សុភមង្គល​មិនចេះរីង​ស្ងួត​ដល់នាង តែផ្ទុយទៅវិញវាបែរជាប្រភពនាំទុក្ខយ៉ាងធ្ងន់ដល់នាងទៅវិញ។ គុណសម្បត្ដិរបស់នាងកើត​ឡើង​ក្នុងសម័យអន្ដរកាល ការវិវឌ្ឍន៍ពីលោកទស្សនៈបុរាណដែលមាតាបិតា អាណាព្យាបាលទាំង ឡាយប្រកាន់ខ្ជាប់​ទស្សនៈនំមិនធំជាងនាឡិ ក្នុងការរៀបចំចាត់ចែងគូស្រករកូនចៅ ទៅកាន់លោកទស្សនៈទំនើបដែលផ្ដល់​សេរី​ភាព​ដល់កូនចៅ មានសិទ្ធិរើសយកគូស្រករដែលខ្លួនពេញចិត្ដ មានសិទ្ធិបដិសេធអ្នកដែលខ្លួនមិនពេញចិត្ដ ដែល​យល់ថាមិនអាចរួមរស់កសាងគ្រួសារមួយប្រកបដោយសុភមង្គលរួមគ្នាបាន។

២-១ យុវជន និងស្នេហា

ក្រៅពីរឿងរ៉ាវស្នេហារបស់យុវជន រឿងផ្កាស្រពោនបានបង្ហាញពីទឹកចិត្ដស្នេហារបស់មាតាបិតា អាណា​ព្យាបាលខ្មែរចំពោះកូនចៅទៀតផង។ ក្នុងរឿងនេះបានបង្ហាញពីសន្ដានទឹកចិត្ដ ការណែនាំ ទូន្មាន ប្រៀនប្រដៅ សេចក្ដីសន្តោសប្រណីតាមរបៀបផ្សេងៗពីគ្នា របស់អ្នកជាឪពុកម្ដាយ ដែលមានកម្រិតជីវភាពរស់នៅផ្សេងគ្នា មាន​​ការអប់រំពីមជ្ឈដ្ឋានដទៃពីគ្នា។

យាយនួនជាស្ដ្រីមេម៉ាយចំណាស់ មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ មានការយកចិត្ដទុកដាក់ហួងហែងកូន​ស្រី​​តែមួយរបស់គាត់ជាខ្លាំង។

ចិកប៊ុនថន ជាឪពុករបស់ ប៊ុនធឿន គាត់ជាអ្នកជំនួញម្នាក់ដែលឱ្យតម្លៃលើចំណេះវិជ្ជា បានផ្ដល់ឱកាស ដល់កូនប្រុសគាត់បានរៀនសូត្រជ្រៅជ្រះ  ទោះបីបើការសិក្សានោះត្រូវចំណាយសោហ៊ុយច្រើន ក៏ដោយ។ តាម​រយៈចិកប៊ុនថន នេះគេអាចមើលឃើញពីជ្រុងមួយនៃសង្គមខ្មែរសម័យមុន ដែលផ្ដល់ឱកាសដល់កូនប្រុស​ច្រើន​ជាងកូនស្រី ក្នុងការទទួលការសិក្សាពីមជ្ឈដ្ឋានសាលារៀន។

រីឯចិកណៃស៊ាន និងនាងថូ ឪពុកម្ដាយនាយណៃស៊ត វិញ ជាថៅកែធំមួយនៅក្រុងបាត់ដំបង។ ដោយ​សារតែការជាប់រវល់ស្វែងរកទ្រព្យសម្បត្ដិ អ្នកទាំងពីរពុំមានឱកាសគ្រប់គ្រាន់សម្រាប់ផ្ដល់ការស្រឡាញ់​ដល់កូន​ប្រុស​សំណព្វម្នាក់នេះទេ។ ដើម្បីបំពេញសេចក្ដីខ្វះខាតនេះពួកគាត់បានផ្ដល់ការទំយើហួសហេតុបណ្ដោយ​​តាម​អំពើចិត្ដរហូតដល់កូនប្រុសក្លាយជាមនុស្សដើរប្រព្រឹត្ដអំពើផ្ដេសផ្ដាស ភ្លើតភើន អមនុស្សធម៌។ ពេលឃើញកូន​ប្រុស​ជ្រុសខ្លួនក្នុងផ្លូវខុសហួសសមត្ថភាពកែប្រែ គាត់ក៏តាំងរកកូនស្រីអ្នកស្រុកដែលមិនដឹង​ពី​ប្រវត្ដិកូន​គាត់​ឱ្យ​មកទទួលរងគ្រោះថ្នាក់ជំនួសគាត់ម្ដង ហើយនារីអភ័ព្វនោះគឺនាងវិធាវី កូនយាយនួនតែម្ដង។

ជារួមមកឆ្លងតាមរយៈរឿងផ្កាស្រពោន គេអាចមើលឃើញថារវាងស្ដ្រីមេម៉ាយសល់ទ្រព្យ ឪពុកម្ដាយអ្នក​​ជំនួញខ្នាតមធ្យម និងឪពុកម្ដាយជាថៅកែ មានការស្រឡាញ់កូនចៅតាមរូបភាពផ្សេងៗពីគ្នា។ ស្ដ្រីមេម៉ាយច្រើន តែស្រឡាញ់កូន ឃុំគ្រងកូនហួសហេតុដោយបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់កូន ចូលចិត្ដប្រើ​អំណាច​ផ្ដាច់​ការចំពោះកូនចៅ មើលឃើញ និងឱ្យតម្លៃលើទ្រព្យសម្បត្ដិ មាក់ងាយចំណេះវិជ្ជា ដូចយ៉ាង​យាយនួន ម្ដាយ​នាងវិធាវី។ ឪពុកម្ដាយដែលធ្លាប់បានទទួលការអប់រំ ច្រើនតែមានអធ្យាស្រ័យដល់កូនចៅ ផ្ដល់ឱកាសដល់កូន​ចៅ​ដើម្បីស្វែងរក កសាងអនាគតផ្ទាល់ខ្លួន តាមរយៈឪពុកប៊ុនធឿន ដែលផ្ដល់លទ្ធភាព​គ្រប់​បែបយ៉ាងដល់ ប៊ុន​ធឿន ក្នុងការសិក្សាស្វែងរកវិជ្ជាដាក់ខ្លួន។ រីឯឪពុកម្ដាយជាអ្នកជំនួញធំដុំ ច្រើនតែភ្លេច​ខ្លួនមិនបានផ្ដល់​ភាព​កក់​ក្ដៅដល់កូនចៅ ដោយមូលហេតុជាប់រវល់ខ្លាំងក្នុងមុខជំនួញ ឬដោយសារអាងថា កូន​គាត់មានប្រាក់ចាយ​វាយ​គ្រប់គ្រាន់ហើយមិនចាំបាច់ខ្វល់ខ្វាយពេក ដូចជាឪពុកម្ដាយនាយណៃស៊ត នេះឯង។

៣- ចរិយាសាស្រ្តសង្គមខ្មែរ និងផលវិបាក

ចរិយាសាស្ដ្រ មានថ្នាក់ពាក្យជានាម មានប្រភពពីភាសាបាលី សំស្ក្រឹត មានន័យថា ជាគម្ពីរ ឬក្បួន​ខ្នាត​​​​​ដែលចែងអំពីចរិយាឬចរិតមនុស្ស។ សង្គមខ្មែរតាំងពីបុរាណមក បានបង្កើតក្បួនខ្នាតជាច្រើនធ្វើជាក្រិត ជា​ម៉ែត្រសម្រាប់វាស់តម្លៃទឹកចិត្ដអាកប្បកិរិយាមនុស្ស សម្គាល់ថា អ្នកនេះជាមនុស្សល្អ អ្នកនោះជាមនុស្សអាក្រក់។ ក្បួនខ្នាតប្រភេទនេះច្រើនតែបង្កើតឡើងដោយក្រុមមនុស្សថ្នាក់ខ្ពស់ ឬក្រុមមនុស្សមានវ័យច្រើនក្នុង​សង្គមដើម្បី​ធ្វើជា​តង្គៀបអប់រំ ហាត់ពត់សន្ដានចិត្ដមនុស្សឱ្យដើតាមគន្លងផ្លូវ (ល្អ) ដែលគេបានកំណត់ជាគោល​ប្រតិបត្ដិ​ក្នុងគោលដៅបម្រើផលប្រយោជន៍ក្រុមខ្លួន។ ផ្នែកខ្លះនៃក្បួនច្បាប់ នេះមិនបានបម្រើដល់ផលប្រយោជន៍របស់​មនុស្សទូទៅឡើយ ថ្វីត្បិតតែមើលពីក្រៅទៅវាមានទម្រង់ រូបរាងល្អក៏ដោយ តែវាបង្កប់នូវអត្ថន័យបំបាក់ស្មារតី មនុស្សមិនឱ្យមានគំនិតម្ចាស់ការលើខ្លួនឯង ឱ្យពឹងផ្អែកតែទៅលើអ្នកដទៃជាមេដឹកនាំ លើអ្នកកាន់អំណាច ដូចជាពាក្យ ពងមាន់កុំជល់នឹងថ្ម, នំមិនធំជាងនាឡិ, ងើយស្កក ឱនដាក់គ្រាប់ ជាដើម។ ក្បួនខ្នាតមួយចំនួន​ក៏​ក្លាយ​ខ្លួនជាពាក្យជួនប្រជាប្រិយ ជាសុភាសិត ទៅតាមការនិយមរបស់មនុស្សតាមសម័យកាល ហើយអាចរក្សា​អត្ថិភាពដល់សព្វថ្ងៃ ឯមួយចំនួនទៀតក៏បាត់បង់ទៅដោយគ្មានប្រជាប្រិយ។

ការប្រកាន់ទស្សនៈនំមិនធំជាងនាឡិក្នុងការចាត់ចែងគូស្រករកូនចៅ

ក្បួនចរិយាសាស្ដ្រដែលដិតជាប់ក្នុងផ្នត់គំនិតសង្គមខ្មែរនេះ ជាកត្ដាលីករជំរុញការរាំងស្ទះស្ដ្រីខ្មែរមិនឱ្យ​មាន​ការ​រីក​ចម្រើន ទាំងលើផ្នែកចំណេះដឹង ស្មារតី ទាំងក្នុងវិស័យការងារក្នុងសង្គមរហូតមានពាក្យដំណៀលថា ស្ដ្រីបង្វិលចង្ក្រានមិនជុំ។ ច្បាប់ចរិយាសាស្ដ្រនេះ មានអត្ថិភាព និងជះឥទ្ធិពលខ្លាំងលើសង្គមខ្មែរ តាំងពីសម័យ បុរាណនោះ រហូតមកដល់សម័យកាលនៃរឿងផ្កាស្រពោន នេះ។

តាមរយៈតួអង្គយាយនួន ជាម្ដាយនាងវិធាវី បង្ហាញឱ្យយើងឃើញពីសង្គមចាស់ទុំផ្ដាច់ការក្នុងការទុក​ដាក់កូនចៅ។ ទង្វើរបស់យាយនួនក្នុងការចាត់ចែងផ្ដាច់នាងវិធាវី ពី ប៊ុនធឿន ឱ្យទៅនាយណៃស៊ត បង្ហាញពី ការប្រើអំណាចផ្ដាច់ការតាមទស្សនៈ “ នំមិនធំជាងនាឡិ ” ក្នុងនាមជាម្ដាយទៅលើ កូនចៅ “ឱម៉ែអើយ ! ម៉េច ឃើញតែទ្រព្យសម្បត្ដិ, ម៉េចមិនមើលលក្ខណៈមនុស្ស, ម៉េចក៏មិនស្នើចិត្ដកូនផង? បើបានទុក្ខ ឬសុខយ៉ាងណា ក៏នៅលើរូបកូនទាំងអស់ទេតើ !  ” ។

ជាទូទៅស្ដ្រីមេម៉ាយខ្មែរក្នុងវ័យចំណាស់ដូចនោះ ច្រើនតែជាអ្នកកាន់ឧបោសថ តែថា, ធម៌អាថ៌នោះពុំ បានធ្វើឱ្យគាត់បានស្ងប់ឡើយ នៅពេលដែលគាត់ពុំបានរៀបចំទុកដាក់កូនចៅបានរួចរាល់។ សេចក្ដីស្នេហា ជាពិសេសលើបុត្រី តែងធ្វើឱ្យគាត់មិនអាចចូលស៊ប់បានក្នុងជំរៅធម៌អាថ៌។ តែអ្វីដែលអាក្រក់ជាងនោះទៅទៀត គឺទស្សនៈផ្ដាច់ការ និងទ្រព្យសម្បត្ដិនិយមរបស់គាត់ក្នុងការទុកដាក់កូនចៅ។ សេចក្ដីស្នេហារបស់គាត់ចំពោះ កូន គឺសេចក្ដីប្រាថ្នាចង់ឱ្យកូនបានសុខលើគំនរទ្រព្យសម្បត្ដិគឺទស្សនៈសុភមង្គលស្ថិតលើទ្រព្យសម្បត្ដិ រួចដោយ សេចក្ដីភ័យខ្លាចមិនបានសម្រេចបំណងនោះ គាត់ក៏តាំងខ្លួនជាអ្នកត្រួសត្រាយ ឬត្រួតត្រារៀបចំអនាគតឱ្យកូន ក្នុងនាមជាអ្នកមានគុណ មានសិទ្ធិជាចាស់ ចេះជាង ជានាឡិ ជាពុម្ព ដែលកូនតូចធំ ត្រូវតែតាម ។

យាយនួន ជានិមិត្ដរូបតំណាងស្ដ្រីជាម្ដាយក្នុងសម័យនោះដែលនៅតែប្រកាន់ទស្សនៈ “នំមិនធំជាងនាឡិ” ក្នុងការរៀបចំគូស្រករកូនចៅឱ្យប្រព្រឹត្ដទៅតាមគន្លងឱវាទរបស់គាត់ជាម្ដាយ ជាអាណាព្យាបាលមានសិទ្ធិសម្រេច ​គ្រប់យ៉ាងក្នុងការចាត់ចែងវាសនាអនាគតកូនចៅ ដោយពុំចាំបាច់សួរយោបល់ពីសាមីខ្លួនឡើយ។ កិរិយាបែប នេះថែមទាំងអាចនាំសេចក្ដីគ្រោះថ្នាក់មកឱ្យកូនចៅ នាំសេចក្ដីទុក្ខសោក ការស្ដាយក្រោយចំពោះទង្វើខុសឆ្គង ដែលកន្លងផុតរបស់ខ្លួនទៀតផង។ ការនិយមតែលើទ្រព្យសម្បត្ដិ មិនយល់ដល់ចិត្ដកូនចៅក្នុងការរើសគូគ្រង តម្រូវឱ្យអ្នកធ្វើទទួលការបាត់បង់យ៉ាងធំ ដែលអ្នកជាមាតាបិតា អាណាព្យាបាលទាំងឡាយមិនប្រាថ្នាជួប។ ការ បំបិទសិទ្ធិសេរីភាពកូនចៅក្នុងការជ្រើសរើសគូស្រករ ជាប្រការមួយគួរជៀសវាង ព្រោះការធ្វើបែបនេះមិនបាន នាំអ្វីជាផលល្អដល់អ្នកជាមាតាបិតា អាណាព្យាបាល ឬបុត្រធីតាឡើយ លទ្ធផលបានត្រឹមតែភាពសោកាដូចជា​យាយនួនតែប៉ុណ្ណោះ។

ម្ដាយប្រភេទយាយនួន នេះ អ្នកនិពន្ធខ្មែរសម័យមុនបានរំលេចឱ្យសង្គមឃើញរួចមកហើយ តាមរយៈ តួអង្គយាយម្ដាយនាងទាវ ដែលលទ្ធផលចុងក្រោយរបស់គំនិតទិដ្ឋិមានៈរបស់គាត់ គឺមរណភាពរបស់កូនស្រី និងការសោកស្ដាយដែលហួសពេលកែប្រែ។

ការប្រកាន់ទស្សនៈស្រីគ្រប់លក្ខណ៍ក្នុងសង្គមខ្មែរ

ពាក្យ លក្ខណ៍ ឬ លក្សណ៍ មានថ្នាក់ពាក្យជានាម មានន័យថា លក្ខណៈ។ ស្ដ្រីគ្រប់លក្ខណ៍ ស្ដ្រីដែល បរិបូរណ៌ដោយលក្ខណៈល្អ។ នៅក្នុងច្បាប់ស្រីរបស់ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួង​ចែង អំពីមង្គលប្រាំបីប្រការដែលជាលក្ខណ៍របស់ស្ដ្រី «នេះនឹងសម្ដែង បរិយាយចារចែង ដើមបទអដ្ឋា- ហិឋានេហិ សុចរិតា ឥត្ថីលក្ខណា មង្គលច្នេះពិត។» ច្បាប់នេះព្រះរាជកវីអង្គឌួង ទ្រង់និពន្ធឡើងជិតមួយរយឆ្នាំ មុនរឿង ផ្កាស្រពោន បង្ហាញពីលក្ខណៈប្រាំបីយ៉ាងរបស់ស្ដ្រីត្រូវប្រតិបត្ដិ គឺស្រីជា ស្រីត្រង់ ស្រីគាប់ ស្រីប្រាជ្ញ ស្រីស្អាត ស្រីស្មោះ ស្រីស្លូត ស្រីស្មើ ។

ជិតមួយរយឆ្នាំក្រោយមកអ្នកនិពន្ធ នូ ហាច បង្ហាញឱ្យឃីញពីស្ថានភាពស្ដ្រីខ្មែរដែលរស់ក្រោមឥទ្ធិពល​នៃចរិយាសាស្ដ្រសង្គមនេះតាមរយៈតួអង្គនាងវិធាវី ដែលប្រកាន់ខ្ជាប់ចរិយាសាស្ដ្រស្ដ្រីខ្មែរ ក្នុងដំណាក់កាលមួយ ដែលសង្គមខ្មែរ កំពុងវិវឌ្ឍពីលោកទស្សនៈបុរាណទៅរកភាពទំនើបជឿនលឿនតាមបែបបស្ចឹមប្រទេស។ ការ ប្រកាន់ខ្ជាប់តាមក្បួនចរិយាសាស្ដ្រគ្រប់យ៉ាងនេះ ផ្ដល់ផលវិបាកយ៉ាងខ្លាំងដល់នាងវិធាវី ធ្វើឱ្យនាងវិធាវី ក្លាយជា មនុស្សដែលមានទំនាស់ជាច្រើនក្នុងខ្លួន។ ទំនាស់ក្នុងខ្លួននាងវិធាវី មានជាអាទិ៍ ៖

ទំនាស់រវាងគំនិត និងសម្រស់

ទំនាស់រវាងចរិតសុភាពរាបសា ស្រគត់ស្រគំ និងមជ្ឍដ្ឋានសង្គម

ទំនាស់រវាងភាពកតញ្ញូ និងភក្ដីភាព

ក្នុងរឿងផ្កាស្រពោនរបស់លោក នូ ហាច លក្ខណៈសម្បត្ដិល្អរបស់នាងវិធាវី បានត្រូវរងសម្ពាធតឹងរ៉ឹង បែបប្រពៃណីខាងលើនេះយ៉ាងឥតខ្ចោះ ហើយបានជាធ្វើឱ្យនាងសុខចិត្ដខាំមាត់ សង្កត់ចិត្ដគោរពម្ដាយ ក៏ត្រូវតែ​ធ្វើឱ្យបានរក្សាភក្ដីភាពស្នេហាក៏ត្រូវតែធ្វើឱ្យបាន។

រឿងផ្កាស្រពោនតាមរយៈនាងវិធាវី ឆ្លុះបញ្ចាំងឱ្យឃើញពីសង្គមបរិយាកាសមួយមិនផ្ដល់ឱកាសដល់ នារីដែលប្រកាន់ខ្ជាប់តាមចរិយាសាស្ដ្រខ្មែរ មានឱកាសរស់នៅប្រកបដោយភាពសុខដុមរមនា សុខក្សេមក្សាន្ដ ក្នុងសុភមង្គលសមទៅតាមកិរិយាប្រព្រឹត្ដរបស់នាងឡើយ។ ជាការតបស្នងចំពោះភាពកតញ្ញូ គឺការបំបែកបំបាក់​ពីគូស្នេហ៍ ចំពោះភក្ដីភាពគឺការចាកចោល ការលះបង់ដោយគ្មាននឹកស្រណោះ ចំពោះភាពស្រគត់ស្រគំ គឺការ​រុក​គួនមិនឱ្យជួបមនុស្សល្អតាមបំណងប្រាថ្នា ចំពោះរូបឆោមលោមពណ៌ស្រស់ស្អាត គឺការនិន្ទាត្រេកត្រអាល នឹងលំអ ការចេះដឹងខុសត្រូវ គឺការបៀមទុក្ខលាក់ក្នុងចិត្ដរហូតថ្ងៃចុងក្រោយ។

ជារួមមក នារីដែលប្រកាន់ខ្ជាប់តាមក្បួនចរិយាសាស្ដ្រ ឬដែលហៅថាស្ដ្រីគ្រប់លក្ខណ៍ក្នុងសម័យកាល បែបនោះត្រូវទទួលលទ្ធផលចុងក្រោយដូចនាងវិធាវី នេះឯង។

សន្និដ្ឋាន

ជារួមមកការ បង្ហាញពីជំនឿរបស់មនុស្សខ្មែរនាសម័យចុងសម័យអាណាព្យាបាលបារាំង បានផ្ដល់ជា​ប្រយោជន៍ចូលរួមចំណែកក្នុងការកែលម្អភាពអសកម្មក្នុងជីវភាពសង្គម ដែលកំពុងជះឥទ្ធិពលមិនល្អប៉ះពាល់ដល់ ស្ថានភាពជីវភាពគ្រួសារនីមួយៗ ដែលកំពុងតែលង់លក់ក្នុងជំនឿទាំងនោះ។ ឆ្លងកាត់តាមការបង្ហាញទាំងនេះ​របស់អ្នកនិពន្ធ មនុស្សដែលកំពុងរស់ក្នុងសម័យបច្ចុប្បន្ន បានទទួលការសិក្សាអប់រំតាមបែបទំនើបមានលក្ខណៈ វិទ្យាសាស្ដ្រ គួរធ្វើការគិតគូរពិចារណាឡើងវិញលើបញ្ហាជំនឿអសកម្មទាំងនេះ ដើម្បីជៀសវាងលទ្ធផលមិនល្អ​ដែល​បានធ្លាក់លើរូបនាងវិធាវី ក៏ដូចជាអ្នកដទៃទៀតតាំងពីពេលមុនដរាបរៀងមក។

មរណភាពរបស់នាងវិធាវី ដែលរងគ្រោះដោយគំនាបសង្កត់ពីមជ្ឈដ្ឋាន​ជុំវិញ​ខ្លួន ក្នុងរឿងរៀបចំវាសនា​អនាគត​របស់នាង ពិសេសឥទ្ធិពលរបស់ម្ដាយនាងដែលតាំងខ្លួនជាម្ដាយ ជាអ្នកមាន​គុណ​ចេះរៀបចំចាត់ចែង​វាសនាឱ្យនាង ដោយបំបិទសិទ្ធិមិនឱ្យនាងអាចសម្រេចចិត្ដក្នុងការយល់ព្រម ឬមិនយល់​ព្រមទទួលយកបុរស​ណាម្នាក់មកធ្វើជាគូអនាគត។ មរណភាពនេះស្ដែងឱ្យឃើញពីសភាពមិនចុះសម្រុងគ្នា រវាង​អារម្មណ៍​ផ្សេងៗ​នៅ​ក្នុងខ្លួននាងវិធាវី ហើយគ្មានវិធីដោះស្រាយ។ មរណភាពនេះបង្កើតនូវភាពសោកសង្រេង​ មិន ត្រឹមតែក្នុងដំណើរ​រឿងប៉ុណ្ណោះទេ តែក៏ដល់មជ្ឈដ្ឋានអ្នកអានផងដែរ។ នារីខ្មែរមួយចំនួនដែល​ជួបប្រទះបញ្ហា​ស្រដៀងគ្នានេះ ក៏បានជ្រើសរើសយកវិធីធ្វើបាបខ្លួនឯង រហូតដល់ថ្នាក់ធ្វើអត្ដឃាត ដើម្បីគេចឱ្យផុតពីបញ្ហា​ចំពោះមុខ។ តែ​មរណភាពនេះក៏ជាប្រទីបមួយជួយបំភ្លឺដល់មាតាបិតា អាណាព្យាបាលមួយចំនួនដែលប្រកាន់​ទិដ្ឋិមានៈរឹងរូស​ក្នុងការរៀបចំគូស្រករកូនចៅឱ្យភ្ញាក់គំនិតឡើង ធ្វើការពិចារណាលើបញ្ហានេះសារជាថ្មីឡើងវិញ។

ការសិក្សាពីស្នាដៃនេះ បានចូលរួមចំណែកជាគតិមួយក្នុងការជួយផ្ដល់យោបល់ក្នុងការគិតគូរចាត់​ចែង រៀបចំវាសនាអនាគតបុត្រធីតារបស់មាតាបិតា អាណាព្យាបាលទាំងឡាយមុននឹងធ្វើការសម្រេចចិត្ដអ្វីមួយត្រូវ​ចេះ​ពិភាក្សា ប្ដូរយោបល់ជាមួយសមាជិកគ្រួសារ ពិសេសសាមីខ្លួនផ្ទាល់។ ក្នុងនាមជាអ្នកទទួលខុសត្រូវផ្ទាល់​លើ​វាសនាអនាគតរបស់ខ្លួន សាមីជនមានសិទ្ធិគ្រប់គ្រាន់ និងពេញលេញក្នុងការធ្វើការសម្រេចចិត្ដ​យល់ព្រម​ទទួល ឬបដិសេធទាំងស្រុងក្នុងដំណើរទៅកាន់អាពាហ៍ពិពាហ៍។ គេមិនត្រូវប្រកាន់ឥរិយាបថអៀនប្រៀន​ជ្រុល​ហួសហេតុ មិនព្រមបញ្ចេញទស្សនៈយោបល់ ការយល់ឃើញ សេចក្ដីត្រូវការរបស់ខ្លួនឱ្យចាស់ទុំ ជាឪពុកម្ដាយ អាណាព្យាបាលដឹងនោះឡើយ។ ប្រការនេះជាកត្ដាសំខាន់មួយកំណត់សេចក្ដីសុខ សុភមង្គលរបស់ខ្លួន។ ក្រៅ​ពី​​នេះ ស្នាដៃនេះអាចរួមចំណែកផ្ដល់ជាវិធីសាស្ដ្រតែងនិពន្ធស្នាដៃប្រលោមលោក ដល់អ្នកនិពន្ធជំនាន់​ក្រោយ​ឱ្យមានភាពសម្បូរបែបក្នុងការនិម្មិតស្នាដៃរបស់ខ្លួន។

ឯកសារពិគ្រោះ

ស្នាដៃបោះពុម្ពផ្សាយ និងនិក្ខេបបទ

ល.រ អ្នកនិពន្ធ ឈ្មោះសៀវភៅ រោងពុម្ព ឆ្នាំ

១. ក្រុមអ្នកចងក្រង ៖ សំរាវជ្រាវជីវប្រវត្ដិអ្នកនិពន្ធខ្មែរ  ? ១៩៨៦

៣. គីន ណន ៖ ក្រមុំចូលម្លប់និងពិធីរើសគូស្រករ ?១៩៨២

៤. គឹមសែត ៖ ប្រវត្ដិអក្សរសាស្ដ្រ ? ?

៥. ឃីង ហុកឌី ៖ ទិដ្ឋភាពទូទៅនៃអក្សរសាស្ដ្រខ្មែរ  ដែិតិៀនស ល៌គារមាតតាន១៩៩៧

៦. ឃីង ហុក ឌី, មាលីបទអក្សរសិល្ប៍ខ្មែរ សតវត្សទី១៩, បណ្ណាគារអង្គរ,២០០៧

៧. ឃីង ហុក ឌី, មាលីបទអក្សរសិល្ប៍ខ្មែរ សតវត្សទី២០, បណ្ណាគារអង្គរ,២០០៧

៨. ឃឹម សាគុណ ៖ សិទ្ធិមនុស្សតាមរយៈអក្សរសិល្ប៍ខ្មែរ ?១៩៨២

៩. ឃឹម សំឱ ៖ប្រវត្ដិអក្សរសាស្ដ្រខ្មែរ ?១៩៦១

១០. ឃួន សុខម្ភូៈ ប្រវត្ដិអ្នកនិពន្ធខ្មែរ ? ?

១១. ង៉ុយ ៖ ច្បាប់ក្រមង៉ុយ ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ១៩៧២,២៥១៦

១២. ជួន ណាត ៖ វចនានុក្រមខ្មែរភាគ១-២ ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ១៩៦៧

១៣. (ព្រះអង្គ) ឌួង ៖ ច្បាប់ស្រី ពុទ្ធសាសនបណ្ឌិត្យ ១៩៦២,២៥០៥

១៥. ត្រឹង ងា,ប្រវត្តិសាស្ត្រខ្មែរ, ភាគ១ ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ, ១៩៧៤

១៦. ត្រឹង ងា ៖ ប្រវត្ដិសាស្ដ្រខ្មែរ ភាគ២ ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ, ១៩៧៤,២៥១៨

១៩. ធ សោ ៖ លក្ខណៈទីពីកក្នុងអក្សរសិល្ប៍ និងសិល្បៈខ្មែរ មេរៀនសរសេរដៃ ២០០២

២០. ហ៊ុន គឹមសៀ  ៖ មូលដ្ឋានដើម្បីយល់អក្សរសាស្ដ្រ ? ?

២១. ពៅ សាមី   ៖ លក្ខណៈទំនេរនៃអក្សរសិល្ប៍និងសិល្បៈ    

២២. ពៅ សាមី   ៖លក្ខណៈទំនេរនៃអក្សរសិល្ប៍និងសិល្បៈ

២៣. ពៅ សាមី   ៖ តថនិយមក្នុងអក្សរសិល្ប៍ខ្មែរសតវត្សទី២០

២៤. ពៅ សាមី  ៖ មូលដ្ឋានទ្រឹស្ដីអក្សរសិល្ប៍ ប្រើប្រាស់ផ្ទៃក្នុងសាលាគរុវិជ្ជាជាន់ខ្ពស់ ១៩៨៧

២៥. រស់ ចន្ដ្រាបុត្រ ៖    អំពីស្នេហា  សារពត៌មានមហាជន ១៩៧១

២៦. លាង ហ័បអាន ៖ សិក្សាប្រវត្ដិអក្សរសាស្ដ្រខ្មែរ ភាគ១ ?១៩៦៧

២៧. លាង ហ័បអាន ៖ សិក្សាអត្ថបទ ភាគ១ ?១៩៦៦

២៨. លាង ហ័បអាន ៖ សិក្សាអត្ថបទ ភាគ២ ?១៩៦៦

២៩. លាង ហាប់អាន ៖ ប្រជុំវិញ្ញាសាតែងសេចក្ដីគំរូសំរាប់ថ្នាក់ទី៥.៤.៣ ទំនើប ?

៣០. លាង ហាប់អាន ៖ សិក្សាសង្ខេបរឿងកុលាបប៉ៃលិន ??

៣១. លី ធាមតេង ៖ អ្នកនិពន្ធខ្មែរដែលមានឈ្មោះល្បី បណ្ណាល័យអប្សរា សមាគមអ្នកនិពន្ធខ្មែរ ១៩៧២

៣២.លី សុមុនី, កំណាព្យខ្មែរ, ក្រសួងអប់រំយុវជន និង កីឡា, ២០០២

៣៣. វ៉ាន់ឌី កាអុន ៖ វិភាគទាននៃក្នុងការសិក្សាអក្សរសិល្ប៍ខ្មែរ ??

៣៤. វ៉ាន់ឌី កាអុន ៖ក្បួនចិត្ដសាស្ដ្រ ?១៩៧៣

៣៥. វ៉ាន់ឌី កាអុន ៖វិភាគទានក្នុងការសិក្សាប្រាកដនិយមនិងអណ្ដែតអណ្ដូងនិយម ?១៩៧៣

៣៦. វ៉ាន់ឌី កាអុន ៖សង្គមសាស្ដ្រ ?១៩៧៣

៣៧. ស៊ន សំណាង (E.d.) ៖ ខេមរវិទ្យា ចំណេះដឹងអំពីអតីតកាល និង ការរួមវិភាគទានក្នុងការស្ដារ និង

       ស្ថាបនាប្រទេសកម្ពុជាឡើងវិញ ភាគ២ រោងពុម្ពសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ១៩៩៩

៣៨. សម្ព័ន្ធអ្នកសារពត៌មាន រដ្ឋាភិបាលកម្ពុជា ពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៩៣ ??

៣៩. សមាគមអ្នកនិពន្ធខ្មែរ ៖ ជីវប្រវត្ដិសង្ខេបរបស់អ្នកនិពន្ធសមាជិកនៃសមាគម ១៩៧០

៤០. សមាគមអ្នកនិពន្ធបទភ្លេង នឹងទំនុកច្រៀង ៖លក្ខន្ដិកៈ ? ១៩៦២

៤១.  សោម សុមុនី ៖ អក្សរសិល្ប៍ពាក្យរាយខ្មែរ  និក្ខេបបទថ្នាក់បណ្ឌិត, សំណេរដៃ, ?

៤២. សែម សូរ ៖ វិជ្ជានិពន្ធន៍ខ្មែរចម្រុះ  បណ្ណាគារភ្នំពេញ, ១៩៦៣

៤៣. ស៊ុំ ឈុំប៊ុន  ៖ តួអង្គក្នុងអក្សរសិល្ប៍ទំនើបខ្មែរ ពីទសវត្សទី៤០ ដល់ទី៦០  និក្ខេបបទថ្នាក់បណ្ឌិត, ?

៤៤. ស៊ុំ ឈុំប៊ុន  ៖ អក្សរសិល្ប៍ខ្មែរ សម័យទំនើប  មេរៀនសរសេរដៃ, ២០០២

៤៥. ស៊ុំ ឈុំប៊ុន  ៖  គោលសង្ខេបនៃការសិក្សាប្រវត្ដិអក្សរសិល្ប៍ខ្មែរ  មេរៀនសរសេរដៃ, ២០០២

៤៦. អ៊ុក ចួន ៖ ចំណោទ និងសំរាយបញ្ហាក្នុងអក្សរសិល្ប៍ខ្មែរ សភព, ១៩៨៨

៤៧. អ៊ុក សាម៉ន ៖ សិក្សាកថារឿងទុំ-ទាវ  បណ្ណាគារភ្នំពេញ, ១៩៦៦,២៥០៨

៥៤. Klairung Amratisha: The Cambodian Novel,A study of its Emergence and Development ?1998

៧៩. អក្សរសាស្ដ្រ-មនុស្សសាស្ដ្រ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លេខ១៩ ត្រីមាសទី៣ ឆ្នាំ២០០២

៨០. ឯកសារ ៖ សន្និសីទជាតិស្ដីពី ការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ៖ តុល្យការ និង ចក្ខុវិស័យ 

       រាជបណ្ឌិតសភាកម្ពុជា ២០០០

 

អត្ថបទរឿង

ល.រ ឈ្មោះអ្នកនិពន្ធ ឈ្មោះអត្ថបទ ផ្សាយពី រោងពុម្ភ កាលបរិច្ឆេទ

៨២. គឹម ហាក់ ទឹកទន្លេសាប  ? ១៩៣៦

៨៣. ឃីង ហុក ឌី, ទាវឯក, បណ្ណាគារអង្គរ,២០០៥។

៨៤. ញ៉ុក ថែម កុលាបប៉ៃលិន គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ ក្រ.អ.យ.ក. ២០០១,២៥៤៥

៨៥. នូ ហាច ផ្កាស្រពោន ក្រសួងសិក្សាធិការជាតិ រោងពុម្ពរស្មី១៩៦០.២៥០៣

៩០. នូ ហាច មាលាដួងចិត្ដ មជ្ឈមណ្ឌលស្រាវជ្រាវអារ្យធម៌ខ្មែរ១៩៨១

៩២. នូ ហាច មាលាដួងចិត្ដ ឯកសារប្រើប្រាស់ផ្ទៃក្នុង សាលាគរុវិជ្ជាជាន់ខ្ពស់ ១៩៨៩

៩៣. រឹម គីន សូផាត  បណ្ណាគារ សេង ងួនហួត ភ្នំពេញ ១៩៦៥,២៥០៧

៩៤. រឹម គីន នាងសមាភាវី បណ្ណាល័យជាតិ ភ្នំពេញ ២០១៣

៩៥. សោម ទុំទាវ  ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ១៩៧១,២៥១៤

៩៦. ស្ហេក ស្ពៀ រ៉ូមេអូ និង ស៊ុលីយែត ប្រែសម្រួលដោយ ហង្ស ធុនហាក់ រោងពុម្ពសារពត៌មាននគរធំ ១៩៧១

៩៧. ចៅភក្ដីឧក ហង្សយន្ដ ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ១៩៩៨,២៥៤២

៩៨. ប៉ូល វីរហ្សីនី  ប្រែសម្រួលដោយ ហង្ស ធុនហាក់ ??